Thứ Ba, 5 tháng 7, 2011

ពាក្យថាស្នេហា មានន័យយ៉ាងណា?

(ពាក្យ៨)
តាំងធំដឹងក្តីពេញវ័យកាលណា
ពាក្យថាស្នេហាមិនដែលស្គាល់សោះ
ឮតែគេថាពាក្យនេះពីរោះ
តើស្នេហានោះមានន័យ៉ាងណា?
តើស្នេហានោះមាឌតូចឬធំ
ទាបខ្ពស់ធាត់ស្គមល្មមឬខ្លាំងក្លា
សាហាវកោងកាចឬក៏រាបសា
សខ្មៅយ៉ាងណាភក្រ្តាដូចម្តេច?
ខ្ញុំមានចម្ងល់អំពល់ចិត្តណាស់
ចង់ជួបប្រទះតើវាយ៉ាងមេច
ផ្អែមល្វីងយ៉ាងណាក៏មិនកែគេច
តើធ្វើដូចម្តេចទើបជួបវាបាន?
តើមានអ្នកណាស្គាល់ស្នេហាទេ
សូមជួយបកប្រែជូនខ្ញុំកុំខាន
តើស្នេហានេះមានន័យប៉ុន្មាន
សូមមិត្តគ្រប់ប្រាណប្រាប់ផងបានទេ?
ខ្ញុំសែននឹកប្លែកចម្លែកក្នុងចិត្ត
ពេលដែលទៅជិតចិត្តប្លែកខុសគេ
សម្លឹងភក្រ្តាកញ្ញាផងដែរ
បេះដូងដូចគេមកចាប់អង្រួន។
អភ័យអរ អរភ័យស្មារតីភាន់ភាំង
បេះដូងលោតខ្លាំងគាំងអស់ទាំងខ្លួន
រឹងជើងរឹងដៃសម្តីមិនចួន
ក្តៅមុខសព្វខ្លួនមិនដឹងហេតុអ្វី?
ពេលដែលនិយាយស្តីនិងកញ្ញា
មើលចំនេត្រាចិន្តាអរភ័យ
បេះដូងឌុកដាក់ស្ទើរធ្លាក់ចុះដី
ភាំងអស់ស្មារតីស្តីអ្វីមិនចេញ៕
តើនេះហើយឬជម្ងឺស្នេហា
ព្រឺព្រួចឱរ៉ាចិន្តាមិនពេញ
ជួនភ័យជួនអរជួនសើចយំវិញ
ជួនទុក្ខទោម្នេញចំណេញឬទេ?
និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ
វត្តចតុមុខរតនារាមពាមបួន-កូនក្អែក (ថ្ងៃ១៦/មិថុនា/២០១១)

ខ្ទមស្រែកំសត់ កត់ត្រាស្នេហ៍ខ្ញុំ

(ពាក្យ៨)
ខ្ទមស្រែកំសត់កត់ត្រារឿងស្នេហ៍
ក្រោមពន្លឺខែនាពេលរាត្រី
រស្មីស្រទន់យប់ពេញបូណ៌មី
ធ្វើជាសាក្សីនៃក្តីស្នេហ៍ខ្ញុំ។
ស្នេហ៍ខ្ញុំស្នេហ៍ស្មោះអស់មួយជីវិត
ជាគូស្នេហ៍ពិតស្ងិតនៅសុខុម
បងហើយនិងអូនសាងក្បូនមនោរម្យ
សុខទុក្ខរស់ជុំមិនគុំគេចកែ។
ទោះមេឃរលំភ្នំត្រូវបែកបាក់
ទឹកជន់ហូរចាក់ឧបស័គ្គច្រើនទ្វេ
ស្នេហ៍ខ្ទមកំសត់មិនក្បត់គ្នាទេ
ដូចរស្
មីខែមិនព្រាត់ច័ន្ទថ្លៃ។
យើងសាងទ្រនំឧត្តមថ្លៃថ្លា
កសាងវាសនាតាមព្រេងនិស្ស័យ
បេះដូងតែមួយគ្មានបែកពីរបី
ស្នេហ៍យើងគ្មានថ្ងៃដោះដៃប្រេះឆា។
ខ្ទមស្រែស្នេហ៍ស្មោះប្រុសខ្មែរភក្តី
ផ្សំគូនិស្ស័យស្រីគាប់លក្ខណា
យើងទាំងពីរនាក់រួមរក្សស្នេហា
លុះក្ស័យសង្ខារត្រាជីវិតសូន្យ៕
និពន្ធដោយៈភិក្ខុ សោភប្បញ្ញ-សម្បូណ៌រិទ្ធ
(វត្តពាមបួន ថ្ងៃ១៦/មិថុនា/២០១១)

Thứ Bảy, 2 tháng 7, 2011

កុលាបពណ៌ស លំអបោកប្រាស់

(ពាក្យ៨)
កុលាបពណ៌សល្អតែខាងក្រៅ
ខាងក្នុងជាំខ្មៅដោយភាពសាវា
ស្មានដូចកង្រីដឹងអីពូជល្វា
ស្អាតតែកាយាចិន្តាអប្រិយ។
បង្អួតសម្រស់អោយប្រុសលង់ចិត្ត
ខំប្រឹងស្នេហ៍ស្និទ្ធផ្ញើចិត្តភក្តី
ស្មោះនឹងស្នេហាលុះសង្ខារក្ស័យ
មិនស្មានកាកីប៉ះស្រីសាវា។
កុលាបពណ៌សលំអបោកប្រាស់
ខាងក្នុងដេរដាស់ដោយពិសតណ្ហា
កុំឃើញពណ៌សថាល្អឡើយណា
ជាគ្រឿងអលង្កាបំភាន់ភ្នែកទេ។
បងស្គាល់យល់ហើយល្បិចគល់ជីវា
អូនយកកាយាដើរប្រហារគេ
បេះដូងបងជាំក្រំដោយសារស្នេហ៍
ពេលឃើញមាសមេរេរកប្រុសថ្មី។
កុលាបពណ៌សល្អតែសម្បក
ខាងក្នុងអាក្រក់កខ្វក់ពេកក្រៃ
កុំលូកកុំស្ទាបប្រយ័ត្នមុតដៃ
ពិសពុលអប្រិយប្រល័យជីវិត។
កុលាបសនេះពិសពុលខ្លាំងណាស់
កុំចូលទៅប៉ះអីណា៎ប្រិយមិត្ត
គួរជៀសឲ្យឆ្ងាយកាយកុំនៅជិត
ការពារជីវិតដួងចិត្តឲ្យល្អ៕
និពន្ធដោយៈភិក្ខុ សោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តពាមបួន ថ្ងៃ១៥/មិថុនា/២០១១)

មិត្តល្អនៃខ្ញុំ

(ពាក្យ៨)
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តជួយតម្រូវប្រាប់ផ្លូវវិជ្ជា
មិត្តជួយកើតកើនចម្រើនបញ្ញា
ជួយយើងភ្លឺថ្លាប្រាជ្ញាវាងវៃ។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តស្និទ្ធស្ថិតនៅតម្រូវដឹកដៃ
អោយយើងដើរត្រូវតាមផ្លូវវិន័យ
ខុសត្រូវម្តេចក្តីមិត្តអ្នកប្រាយប្រាប់។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តស្តីប្រដៅយើងត្រូវរៀនស្តាប់
រៀនអានសរសេររិះរេតាមច្បាប់
ហៅល្អចំណាប់មិនអាប់ស្មារតី។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
កំចាត់ល្ងង់ខ្លៅចោរខ្មាំងអប្រិយ
សៀវភៅអាចប្រាប់សារស័ព្ទសេចក្តី
ឲ្យយើងយល់ន័យពីក្តីល្ងិតល្ងង់។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តដ៏ត្រឹមត្រូវរង់ចាំស្រោចស្រង់
ឃើញយើងធ្វើខុសមិត្តមិនបង្អង់
មិត្តជួយតម្រង់តាមប្លង់បណ្ឌិត។
មិត្តល្អជានិច្ចកុំភ្លេចឲ្យសោះ
សៀវភៅប៊ិចនោះជាមិត្តពិតៗ
ហេតុនេះកូនខ្មែរត្រូវតែរិះគិត
គប្បីគប់មិត្តជិតស្និទ្ធចិត្តល្អ៕
និពន្ធដោយៈភិក្ខុ សោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តពាមបួន ថ្ងៃ១២/មិថុនា/២០១១)

តម្លៃនៃវិជ្ជា

វិជ្ជាជាទ្រព្យដ៏គាប់ប្រសើរ                      នាំមនុស្សអោយដើរកាន់ភាពថ្លៃថ្លា
ជាទ្រព្យដ៏សុខងាយទុករក្សា                  ទៅណាមកណាវិជ្ជាតាមប្រាណ។
ចំណេះវិជ្ជាពិតមានតម្លៃ                      មិនអាចរកអ្វីមកប្រៀបផ្ទឹមបាន
ទោះទ្រព្យសម្បត្តិមាសប្រាក់ប៉ុន្មាន       មិនអាចប្រៀបបាននិងទ្រព្យវិជ្ជា។
ចង់ធ្វើដំណើរទៅណាក៏បាន     
;            វិជ្ជាតាមប្រាណគ្រប់ពេលវេលា

ជាគ្រឿងអាវុធសម្រាប់ការពារ            អ្នកមានវិជ្ជាគ្មានគ្រាអាប់ឡើយ។
វិជ្ជានាំខ្លួនអោយបានខ្ពង់ខ្ពស់                ខ្មែរអើយចាំចុះកុំនៅកន្តើយ
នាំគ្នាខំរៀនពីក្មេងអោយហើយ          ទើបខ្មែរបានស្បើយផុតភាពល្ងង់ខ្លៅ៕
             និពន្ធដោយៈ ភិក្ខុ សោភប្បញ្ញោ-សម្បូណ៌ រិទ្ធ
                                  វត្តពាមបួន-កូនក្អែក

Giới thiệu về tôi

Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.